សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ នាក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែតុលានេះ។
សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។
រីឯឆ្នាំកំណើត ឆ្នាំ១៩៥១ គឺជាឆ្នាំដែលអ្នកវាយអង្គុលីលេខវាយខុស។
សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រម ទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ ០៣ /២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ធ្លាប់បានបញ្ជាក់កន្លងទៅថា ការកំណត់យកថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២ ជាថ្ងៃកំណើត ដោយសារតែនៅថ្ងៃ៤ ខែមេសា ឆ្នាំ១៩៧០ សម្តេចបាន ចូលព្រៃម៉ាគី ធ្វើការតស៊ូតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការ ឈ្លានពានរបស់បរទេស។
ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យសម្តេច និងអ្នកតស៊ូជាង ៣០០នាក់ធ្វើប្រវត្តិរូប។ ពេលនោះសម្តេចតេជោ ពុំចាំថ្ងៃខែកំណើត ដូច្នេះសម្តេច បានយក ថ្ងៃ៤ ខែមេសា ដែលជាថ្ងៃសម្តេច ចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តង។
សូមបញ្ជាក់ដែរថា ការប្តូរព័ត៌មានផ្សេងៗនៅលើបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រូវទៅតាមអត្តសញ្ញាណបណ្ណ គឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត។
ការប្តូរព័ត៌មាននេះ អាចធ្វើទៅបាននៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។
សូមជម្រាបថា នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ។
ការចុះ ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ ២០២៣។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៩,២០៥,៦៨១នាក់៕






