សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស យកចិត្តទុក ដាក់លើរឿងអនាម័យទាំងបរិស្ថាន និងម្ហូបអាហារទទួល ទាន ក្នុងពេលកម្ពុជារៀបចំការប្រកួតសស៊ីហ្គេម ខាងមុខ នេះ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។
ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវប្រជាពលរដ្ឋ ដែលរស់នៅភ្នំពេញ និងទីក្រុងនានា ដែលត្រូវរៀបចំការ ប្រកួត គឹត្រូវសុំប្រើពេលវេលានៃយុទ្ធនាការ ដែលនៅសល់ ៧៤ថ្ងៃនេះ បង្កើននូវគុណភាពអនាម័យបរិស្ថាន និងម្ហូប អាហារ។
មិនត្រឹមតែទីតាំងរៀបចំព្រឹត្តិការណ៍នេះទេ តែទូទាំងប្រទេសត្រូវគិតរឿងអនាម័យ ព្រោះពេលវេលានោះជាពេលវេលាមកដល់ មិនគ្រាន់តែជាអ្នកកីឡាទេ មកទាំងអ្នកគាំទ្រ ហើយអ្នកគាំទ្រនោះគេអាចទស្សនកិច្ច នៅតាមខេត្តនានាក្រៅពីកន្លែងប្រកួត។
ជាមួយគ្នានេះ សម្តេចតេជោ បាន ក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនការរៀបចំសន្តិសុខ សុវត្ថិភាពជូនកីឡាករ និងភ្ញៀវជាអ្នកគាំទ្រមកទស្សនាការប្រកួត និងការដើរ លេងកំសាន្តនៅកន្លែងនានា គ្រាដែលកម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណពី២៥ ទៅ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ទាំងពីរនេះ។
គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការ ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ស៊ីហ្គេម ចាប់ផ្តើមពីថ្ងៃទី ០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១២០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕






