ចៅក្រមជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក ដេននីស កូកូវីក (Denis Cokovic) អ្នកជំនួញជនជាតិកូសូវ៉ូ ពីបទបរិហាកេរ្តិ៏ ជាសាធារណៈ ទៅតាមបណ្តឹងរបស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ឃឹម រ៉ានី អគ្គនាយិការស្ថានីយ៏ ទូរទស្សន៏អាស៊ីអាគ្នេយ៏។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការលើ សំណុំរឿងបរិហាកេរ្តិ៏នេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ដែលសម្រេចផ្តន្ទាទោសលោក ដេន នីស កូកូវីក (Denis Cokovic) ពីបទបរិហាកេរ្តិ៏ជាសាធារណៈ ដោយពិន័យ ជា ប្រាក់ចំនួន៦លានរៀល និងសងជំងឺចិត្តឯកឧត្តម កៅ គឹមហួន និងលោក ជំទាវ ឃឹម រ៉ានីចំនួន១០០លានរៀល។ នេះបើតាមប្រភពពីសាលាដំបូងរាជធានី ភ្នំពេញ បញ្ជាក់ប្រាប់ទូរទស្សន៏អាស៊ីអាគ្នេយ៏ នៅថ្ងៃទី៣០ កញ្ញានេះ។
លោក ដេននីស កូកូវីក (Denis Cokovic) អ្នកជំនួញជនជាតិកូសូវ៉ូ បានបរិហាកេរ្តិ៏ ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ឃឹម រ៉ានី អគ្គនាយិការស្ថានីយ៏ទូរទស្សន៏អាស៊ីអាគ្នេយ៏ តាមរយៈការផ្តល់ បទ សម្ភាសន៏ជាមួយគេហទំព័រ South-East Asia Globe.com កាលពីថ្ងៃទី២៦ ខែ មេសា ២០២២ ថា ឯកឧត្តម កៅ គឹមហួន និងលោកជំទាវ បានឆបោកលុយ របស់លោកអស់ ចំនួន៥៩ លានដុល្លារអាមេរិក។ ប៉ុន្តែឯកឧត្តម កៅ គឹមហួន និងលោកជំទាវ ឃឹម រ៉ានី មិនដែលទទួលបានលុយសូម្បីមួយដុល្លារពីលោក ដេននីស រឺបោកប្រាក់លុយលោកដេននីសសោះឡើយ។ លោកដេននីស កូកូវីក (Denis Cokovic) មិនបានបង្ហាញខ្លួន នៅក្នុងសាវនាការជំនុំជំរះកាលពីថ្ងៃទី១៩ កញ្ញា ហើយក៏មិន បង្ហាញវត្តមាននៅថ្ងៃ ប្រកាសសាលក្រុមនេះដែរ។ សាល ក្រមនៅថ្ងៃនេះ គឺជាការផ្តល់យុត្តិធម៌ចំពោះឯកឧត្តម កៅ គឹមហួន និងលោក ជំទាវ ឃឹម រ៉ានី ដែលមិនត្រឹមតែរងការបរិហាកេរ្តិជាសាធារណៈប៉ុណ្ណោះទេ ថែម ទាំងរងនូវការឆបោកពីបុគ្គលដេននីស កូកូវីក (Denis Cokovic) ថែមទៀត។
គួរបញ្ជាក់ដែរថា សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ ក៏បានសម្រេច ផ្តន្ទាទោសលោក ដេននីស កូកូវីក (Denis Cokovic) អ្នកវិនិយោគផ្នែកអចលនទ្រព្យ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទឆបោកប្រាក់ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ទៅតាមបណ្តឹង របស់លោកជំទាវ ឃឹម រ៉ានី។ កាលនោះតុលាការ ក៏បានផ្តន្ទាទោសដោយកំបាំងមុខជនជាតិថៃ២នាក់ឲ្យ ជាប់ពន្ធនាគារ២ឆ្នាំ ពីបទផ្សំគំនិត និងរួមចំណែកបោកប្រាស់៕






