(ស៊ីអិនអិន)៖ ស្ត្រីអាយុ៤២ឆ្នាំម្នាក់ ដែលជាម្តាយរបស់កូនពីរនាក់ ត្រូវបានឃាត់ខ្លួន នៅកូរ៉េខាងត្បូង ក្រោយសមត្ថកិច្ចរកឃើញសាកសពក្មេង២នាក់ នៅក្នុងវ៉ាលី ដែលទិញពីអ៊ីនធឺណេតពីកន្លែងស្តុកទុកក្នុងប្រទេសនូវែលសេឡង់។
ស្ត្រីដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ត្រូវបានចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះនៅទីក្រុង អ៊ុលសាន (Ulsan) ភាគអាគ្នេយ៍នៃកូរ៉េខាងត្បូង។
ប៉ូលិសនូវែលសេឡង់ បាននិយាយថា ពួកគេបានស្នើសុំដីកាចាប់ខ្លួនស្ត្រីម្នាក់នេះ ក្រោមសន្ធិសញ្ញាបត្យាប័នរបស់ប្រទេសជាមួយកូរ៉េខាងត្បូង និងនូវែលសេឡង់ ដើម្បីយកមកធ្វើការចោទប្រកាន់។
លោកអធិការប៉ូលិស នូវែលហ្សេឡង់ បាននិយាយថា ស្ត្រីរូបនេះ ស្ថិតក្នុងការឃុំឃាំង ខណៈពេលដែលរង់ចាំការបញ្ចប់ដំណើរការធ្វើបត្យាប័ន។
អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់កាលពីខែមុនថា ស្ត្រីរូបនេះបានកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទទួលបានសញ្ជាតិនូវែលសេឡង់ ជាយូរមកហើយ។
តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល នឹងសម្រេចក្នុងរយៈពេលពីរខែ ថាតើត្រូវធ្វើបត្យាប័នស្ត្រីនោះទៅនូវែលសេឡង់ ឬយ៉ាងណា។
ប៉ូលិសនូវែលសេឡង់បានបើកការស៊ើបអង្កេតករណីមនុស្សឃាតនេះ បន្ទាប់ពីគ្រួសារមួយនៅ South Auckland បានរាយការណ៍ថា បានរកឃើញសាកសពមនុស្សនៅក្នុងវ៉ាលី ដែលពួកគេទិញនៅក្នុងការដេញថ្លៃតាមអ៊ីនធឺណេតពីកន្លែងស្តុកទុក។
កុមារទាំងពីរនេះ មានអាយុចន្លោះ ៥ទៅ ១០ឆ្នាំ បានស្លាប់អស់រយៈពេលប្រហែល ៣ ទៅ ៤ឆ្នាំ នេះបើយោងតាមប៉ូលិសនូវែលសេឡង់បានរាយការណ៍៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ





