ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Werner Isaac Vargas Torres អគ្គលេខាធិការនៃប្រព័ន្ធសមាហរណកម្មអាមេរិកកណ្តាល (SICA) តាមរយៈអនឡាញ។ ជំនួបនេះធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងជំនួបនោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធិជាមួយ SICA ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងអាស៊ាន និង SICA សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ ក៏បានលើក ឡើងអំពីវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន ដែលរួមមានការអប់រំ ទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ ១៩ ជាដើម៕






