ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បានទទួលជួបពិភាក្សាការងារជាមួយ លោក ជំទាវ ណូលីន ហេហ្សរ ប្រេសិតពិសេសរបស់អគ្គលេខាធិ ការអង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះការគាំទ្រ របស់លោកជំទាវប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះយន្តការ និងដំណើរការដឹកនាំដោយអាស៊ាន។
ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ក្នុងការអនុវត្តកុងសង់ ស៊ីស ៥ ចំណុចរបស់អាស៊ាន ដែលបានឯកភាពដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិគ្នាជុំវិញបញ្ហាជំនួយមនុស្សធម៌ ក្នុងប្រទេសមីយ៉ាន់ម៉ា៕






