នៅរសៀលថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយកាណាដា។
កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា ដោយសារការដាក់ចេញនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា កាលពីឆ្នាំ២០២៣ និងគូសវាសទិសដៅអនាគត។ បណ្តារដ្ឋមន្ត្រីបានកត់សម្គាល់ពីវឌ្ឍនភាព នៃការចរចាកំពុងបន្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា។
បណ្តារដ្ឋមន្ត្រី បានឯកភាពបង្កើតផែនការសកម្មភាពថ្មី ដើម្បីនាំផ្លូវភាគីទាំងពីរ ក្នុងការសម្រេចបាននូវសក្តានុពលពេញលេញនៃភាពជាដៃគូយុទ្ធសាស្ត្រ នៅអំឡុងពេល ៥ ឆ្នាំបន្ទាប់។






