អាមេរិក៖ អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋ អាមេរិក បាននិយាយថា មនុស្សយ៉ាងតិច១០នាក់ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ខណៈក្រុមប្រតិបត្តិការពន្លត់អគ្គិភ័យ បានបន្តរហូតដល់ពេលយប់ ដោយឧទ្ធម្ភាគចក្របានទម្លាក់ទឹក ដោយបានទាញយកប្រយោជន៍ពីខ្យល់បោកបក់។
ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក Joe Biden បានប្រាប់សេតវិមាន នៅរសៀលថ្ងៃព្រហស្បតិ៍ថា ធនធានសហព័ន្ធ និងថវិកាបន្ថែមត្រូវបានផ្តល់ ជូនដល់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។
ថវិកានេះនឹងត្រូវប្រើប្រាស់ ដើម្បីរ៉ាប់រងការចំណាយទាំងអស់សម្រាប់រយៈពេល ១៨០ ថ្ងៃសម្រាប់កន្លែងស្នាក់នៅបណ្តោះអាសន្ន។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានជំរុញអភិបាលរដ្ឋ California លោក Gavin Newsom ឱ្យលាលែងពីតំណែង ដោយសារភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅរបស់រដ្ឋនេះ។ ភ្លើងឆេះព្រៃ បានចាប់ផ្តើមនៅដើមសប្តាហ៍នេះ បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់៥នាក់ និងបង្ខំឱ្យមនុស្សជិត ១៨០.០០០នាក់ ត្រូវជម្លៀសចេញ។ សូមជំរាបថា យោងតាមមន្ត្រីបានឱ្យដឹងថា ភ្លើងបានលេបត្របាក់ផ្ទៃដីជាង ២០.០០០ ហិចតា រួមទាំងផ្នែកខ្លះ នៃតំបន់សម្បូរសប្បាយនៅ Los Angeles County ធ្វើឱ្យខូចខាត ឬបំផ្លាញផ្ទះសម្បែង អាជីវកម្ម និងអគារផ្សេងៗទៀតជាង ២.០០០៕






