ខេត្តកំពង់ចាម,ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកម៉ិញនេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី មន្ទីរស្ថាប័នមួយចំនួនយកចង្ហាន់ ទេយ្យទាន និងបច្ច័យចំនួន១០ លានរៀលទៅប្រគេនដល់សាមណេរ ហ៊ុន ម៉ាណែត គង់នៅវត្តអម្ពរវ័ន ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោកស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តប្រាប់ឲ្យដឹងថា នៅព្រឹកមិញនេះលោកបានដឹកនាំកម្លាំងយុវជនក្រុមគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ទៅថ្វាយបង្គំសាមណេរ ហ៊ុន ម៉ាណែត ដោយធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា។
ប្រធានមន្ទីរធម្មការខេត្តបានបន្តឲ្យដឹងទៀតថា ជាមួយនោះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងប្រធានក្រុមប្រឹក្សាខេត្តក៏បានអញ្ជើញនាំយកចង្ហាន់និងបច្ច័យទៅប្រគេនដល់ព្រះភិក្ខុ ដើម្បីរួមចំណែកនិងកសាងសមិទ្ធិផលនានាក្នុងទីអារាមនេះ។
សូមបញ្ជាក់ថាសាមណេរ ហ៊ុន ម៉ាណែត បានបួសជាសង្ឃដើម្បីតបស្នងសងគុណដល់អ្នកឧកញ៉ាមហាឧបាសិកាធម្មញ្ញាណនវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាជីដូនដែលបានទទួល មរណភាព ដោយជរាពាធក្នុងជន្មាយុ ៩៦ឆ្នាំ សពត្រូវបានដង្ហែមកបញ្ចុះនៅស្រុកកំណើតឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ហើយនៅថ្ងៃទី៩ ឧសភានឹងត្រូវរៀបចំបុណ្យគម្រប់៧ថ្ងៃក្នុងកម្មវិធីបុណ្យដ៏អធិកអធម្មនេះគឺមានការចូលរួមពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែននិងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនរួមទាំងសមាជិកក្រុមគ្រួសារព្រមទាំង
មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទៀតផង៕





