(ខេត្តប៉ៃលិន,ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០)៖ មានប្រសាសន៍លើកឡើង ក្នុងឱកាសអញ្ជើញ ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧញ្ញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្ពុជា អំពីសក្តានុពលរបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយដល់ក្រុមហ៊ុនឯកជននានា ដែលមានបំណងមកធ្វើការវិនិយោគ។ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់សភាពាណិជ្ជកម្មកម្ពុជា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលរបស់ខេត្ត ដើម្បីជំរុញ
ឱកាសវិនិយោគរបស់ ក្រុមហ៊ុន និងដៃគូសហការនានា។
ក្នុងឱកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ សែន ប្រមុខដឹកនាំដ៏ឆ្នើម របស់កម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមមាន៖ ផ្លូវថ្នល់ ទឹកស្អាត អគ្គីសនី សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងប្រឡាយទឹក មានគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសបានបើកជំហជើងមេឃ ឱ្យអ្នកវិនិយោគមកពីគ្រប់ទិសទី មកចូលរួមកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ដែលជាហេតុធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងជាលំដាប់ពី ១ថ្ងៃទៅ១ថ្ងៃ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ខេត្តប៉ៃលិន បច្ចុប្បន្នមានសក្តានុពលជា ច្រើន នៅមិនទាន់មានការអភិវឌ្ឍ និងធ្វើការវិនិយោគនៅឡើយ ដូច្នេះឯកឧត្តម សង្ឃឹមថាតាមរយៈ ទស្សនកិច្ច របស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នៅខេត្តប៉ៃលិននាឱកាសនេះ នឹងលេចឡើង នូវផ្លែផ្កា សម្រាប់ការវិនិយោគនាពេលអនាគត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត។
ជាការឆ្លើយតប ឯកឧត្តមឧញ្ញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន គណៈប្រតិភូ បានមានប្រសាសន៍ឱ្យដឹងថា
៖ តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូ គឺបានមើលឃើញ ពីសក្តានុពលសំខាន់ៗរបស់ខេត្តប៉ៃលិន ដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម ការកែរច្នៃកសិ-ឧស្សាហកម្ម ការដឹកជញ្ជូនទំនិញ និងតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនខ្មែរ-ថៃ ជាដើម ដែលជាឱកាស សម្រាប់ក្រុមហ៊ុន និងដៃគូសហការធ្វើការវិនិយោគ ដើម្បីសំដៅលើកកម្ពស់សេដ្ឋកិច្ច តាមរយៈការពង្រីកការវិនិយោគក្នុងតំបន់ ក៍ដូចថ្នាក់ជាតិទាំងមូល ឆ្ពោះ ទៅរកការបង្កើនការអភិវឌ្ឍអោយក្លាយជាខេត្តមួយមានមុខមាត់។
ឯកឧត្តមឧញ្ញ៉ាប្រធានប្រតិភូ បានមានប្រសាសន៍បញ្ជាក់ថា វិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់សំរាប់ខេត្តទាំងមូល ក្នុងការចូលរួមគ្រប់សកម្មភាព ដែលរដ្ឋបាលខេត្ត កំពុងអភិវឌ្ឍន៍ ជាពិសេសជួយសម្រួលដល់ពលរដ្ធទាំងអស់អោយមានការងារធ្វើ បង្កើននូវជីវភាពរស់នៅប្រចាំថ្ងៃ ដូច្នេះរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គាំទ្រ និងការពារ រាល់អ្វីដែលក្រុមហ៊ុនឯកជននានាចង់មកធ្វើការវិនិយោគខេត្ត ជួយសម្របសម្រួល រាល់បញ្ហាដែលមានឡើង ដើម្បីបង្កលក្ខណៈរៀបចំគំរោង និងផែនការ អោយបានទទួលជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា៖ ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តប៉ៃលិន គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទស្សនកិច្ចទីតាំងមួយចំនួនក្នុងខេត្ត ដូចជា៖ តំបន់ទេសចរណ៍នានាក្នុងខេត្ត ,ការទស្សនាសមាគមមៀនប៉ៃលិន និងសៃឡូឬស្តង់ប្រមូលទិញកសិផល ,ការទស្សនាចំការផ្លែឈើ និងការទស្សនាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនខ្មែរ-ថៃផងដែរ៕





