អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អបំផុត ពិសេសការដាក់កម្លាំង ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាល ក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ជិកា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបំផុត ពិសេសការដាក់កម្លាំង ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាល នៅតំបន់ស្មុគស្មាញអោយបានខ្លាំងក្លា ដើម្បីអោយដំណើរនៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត។ឯកឧត្តម ឃួង ស្រេង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា៖ កម្លាំងនិងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខអោយបានខ្លាំងក្លាបំផុត ដាច់ខាត មិនអោយភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។
ជាមួយគ្នានេះ រាជធានីភ្នំពេញ ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ឆ្នាំ ២០២២ គ្រោងនឹងធ្វើឡើង នៅដើមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានី បាន មានប្រសាសន៏ថា សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី ០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ឯកឧត្តមបញ្ជាក់ថា គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ ហើយ ដែលយើងបានអញ្ជើញអោយមកចូលរួម ហើយយើងក៏បាននិងកំពុងអញ្ជើញអភិបាលក្រុងធំៗជាបន្តបន្ទាប់ទៀតផងដែរ។ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺនឹងផ្តល់ឱកាសដល់រាជធានីភ្នំពេញ ទទួលបានការចែករំលែកបទពិសោធន៍រវាងទីក្រុង និងទីក្រុង ពិសេសធ្វើអោយទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។
គួរបញ្ជាក់ថា៖ គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើង ដោយមាន សមាជិកចំនួន៧១រូប ដែលមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោកនួន ផារ័ត្ន អភិបាលរងរាជធានី ជាអនុប្រធានប្រចាំការ៕
ដោយះ សំអាតនិង ពិសិដ្