លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានជួប ពិភាក្សា ឆ្លើយតបបំភ្លឺ និងទទួលមតិយោបល់ត្រលប់ពីតំណាងសហគមន៍នៅក្នុងភូមិរវៀងតាទុំ ឃុំរំចេក លើគម្រោងដែលរដ្ឋបាលស្រុកបន្ទាយស្រីនឹងកំណត់យកដីទំនេរមួយកន្លែងរបស់សហគមន៍ ប្រើប្រាស់ជាទីតាំងឡដុតសំរាមរបស់ស្រុក។

ការចូលរួម និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជា ពលរដ្ឋនៅក្នុងសហគមន៍ នៅលើរាល់គំនិតផ្តួចផ្តើមដែលពាក់ព័ន្ធនឹងផលប្រយោជន៍រួមរបស់សហគមន៍ ទោះវិជ្ជមានក្តី អវិជ្ជ មានក្តី គឺជាយន្តការដ៏សំខាន់ក្នុងការធានាបាននូវការសន្ទនា ភាពជាម្ចាស់ និងសុខដុមរូបនីយកម្មនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាពយូរអង្វែងនៅថ្នាក់មូលដ្ឋាន។ ហេតុដូច្នេះហើយបានជារាល់គម្រោងថ្មីៗរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់ ច្រើនមានល្បឿនយឺតក្នុងដំណាក់កាលដំបូង ដើម្បីពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ទុកឱកាសអោយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់បានទទួលពត៌មាន និងការពន្យល់ពេញលេញណាមួយជាមុនសិន ជៀសវាងការយល់ច្រលំផង ក៏ដូចជាអនុញ្ញាតអោយពួក គាត់បានចូលរួមនិងលើកឡើងពីក្តីបារម្ភនៃបញ្ហាប្រឈមនានាដែលអាចនឹងកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគាត់ផង។

សូមបញ្ជាក់ថា ជាផ្នែកមួយនៃយុទ្ធនាការ« ២០២០ បន្ទាយ ស្រីស្អាត» ដែលគ្រោងប្រែក្លាយតំបន់អាទិភាពមួយចំនួននៅក្នុងស្រុកអោយមានភាពទាក់ទាញស័ក្តិសមជាស្រុក ទេសចរណ៍ រដ្ឋបាលស្រុកបន្ទាយស្រីនឹងចាប់ផ្តើមដំណើរប្រមូលសំរាមនៅក្នុងភូមិទាំង៣៦ នៅក្នុងទូទាំងស្រុកបន្ទាយស្រី ចាប់ពីខែកញ្ញានេះតទៅ ដែលក្នុងនោះ ឡដុតសំរាម និងសម្ភារៈដឹកជញ្ជូនទាំង អស់ទទួលបានការឧបត្ថម្ភពីក្រសួងបរិស្ថាន ចំណែកឯរាល់បន្ទុកចំណាយប្រតិបត្តិការនិងការគ្រប់ គ្រង ស្ថិតនៅក្រោមទំនួលខុសត្រូវរបស់រដ្ឋបាលស្រុក។

ក្រៅពីការប្រមូលសំរាម យុទ្ធនាការ«២០២០បន្ទាយស្រីស្អាត» នឹងមានចង្កោមសកម្មភាពមួយចំនួនទៀតដូចជា ចលនាប្រលងប្រណាំងផ្ទះស្អាត គម្រោងភូមិគំរូ ការបំផុសអោយមានការដាំផ្កានៅតាមភូមិដ្ឋាននិងការដាក់ពង្រាយធុងសំរាមស្ងួតសម្រាប់ភ្ញៀវទេសចរ កម្មវិធីអប់រំការរស់នៅស្អាតតាមបែបជនបទ ការបង្កើតតំបន់រក្សា ទុកសំរាមបណ្តោះអាសន្ននៅតាមភូមិ និងកម្មវិធីបរិស្ថានជាប្រចាំនៅគ្រប់ភូមិជារៀងរាល់ខែជាដើម៕
សំ វណ្ណា






