កាហ្សាក់ស្ថាន៖ ផ្ទះសម្បែង ផ្លូវថ្នល់ និងវាលស្រែជាច្រើន បានទទួលរងការជន់លិចដោយសារតែទឹកជំនន់ ស្ថិតនៅតំបន់ភាគខាងជើងប្រទេសកាហ្សាក់ស្ថាន បង្កឡើងដោយសារតែការបាក់ទំនប់ទឹកកាលពីពេលថ្មីៗនេះ នៅឯទឹកដីរបស់ប្រទេសរុស្ស៊ី។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ បានឱ្យដឹងកាលពីថ្ងៃពុធថា មានមនុស្សសរុបប្រមាណ ១១៧,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទះសម្បែងពលរដ្ឋរាប់ពាន់ខ្នងបានរងផលប៉ះពាល់។ មកដល់ពេលនេះស្ថានភាពទឹកជំនន់នៅតាមផ្នែកខ្លះនៅតំបន់ខាងលើបានថមថយបន្តិចទៅវិញ ធ្វើឱ្យពលរដ្ឋប្រហែលជិត២ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ ស្របពេលអាជ្ញាធរកាហ្សាក់ស្ថាន បានបន្តធើ្វការជម្លៀសពលរដ្ឋនៅតាមតំបន់ផ្សេងៗទៀតដែលកំពុងប្រឈមនឹងការជន់លិច។តំបន់ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ស្ថិតនៅត្រង់ទីប្រជុំជនប៉េត្រូផាវ (Petropavl) ដោយគេឃើញមានផ្ទះសម្បែងពលរដ្ឋជាច្រើនរងការជន់លិចរហូតដល់ដំបូល ហើយខ្លះទៀតបានរសាត់អណ្តែតទៅតាមកម្លាំងទឹកហូរថែមទៀតផង ៕






