(ខេត្តកំពង់ចាម,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០): ច្រាំងទន្លេចំនួន៤កន្លែងក្នុងនោះមាននៅក្រុងកំពង់ចាមនិងស្រុកកោះសូទិន កំពុងតែដំណើរការសាងសង់ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត,ដើម្បីធានាសុវត្ថិ ភាពជូនដល់ប្រជាពលរដ្ឋបញ្ចៀសកុំឲ្យរង គ្រោះនៅក្នុងរដូវវស្សា។ជាមួយនោះអាជ្ញាធរខេត្តក៏បានណែនាំឲ្យ ដល់កម្លាំងនៅមូលដ្ឋានឲ្យបន្តតាមដានយកចិត្តទុកដាក់ចំពោះលំនៅឋានរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ។
លោកប្រាក់ ទិត នាយកទីចាត់ការផែនការវិនិយោគខេត្ត មានប្រសាសន៍ឲ្យដឹងថា: ឯកឧត្តមអភិបាលខេត្តបានអញ្ជើញចុះពិនិត្យការសាងសង់ច្រាំងទន្លេនៅក្រោយសាលាសង្កាត់កំពង់ចាមនៅក្នុងជំហានទី១ដែលមានប្រវែង៥៥ម៉ែត្រ កំពុង តែសាងសង់ដោយក្រុមហ៊ុនឯកជនដែលមានបទពិសោធន៍ រហូតមកដល់ពេលនេះបានប្រមាណ ២០%ហើយ ។ ជាមួយនោះអភិបាលខេត្តក៏បានក្រើនរំលឹកឲ្យក្រុមហ៊ុនខិតខំពន្លឿនការសាងសង់ហើយបានឆាប់រហ័សមុនពេលដែលទឹកទន្លេមេគង្គឡើងមកដល់។
លោកប្រាក់ ទិត នាយកទីចាត់ការផែនការខេត្តមានប្រសាសន៍បន្តថាក្រោយពីសាងសង់រួចរាល់នៅជំហានទី១ក្នុងសង្កាត់កំពង់ចាម និងបន្តសាង សង់ច្រាំងទន្លេបន្ថែមទៀតក្នុងជំហានទី២ សរុបដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ ។នាព្រឹកថ្ងៃដដែលនោះតំណាងអភិបាលខេត្តនិងសាហការីបានអញ្ជើញចុះពិនិត្យច្រាំងទន្លេនៅក្នុងឃុំពង្រស្រុកកោះសូទិន ដែលមានប្រវែង៦០ម៉ែត្រ ។
ដែលបានបាក់មកដល់ផ្លូវត្រូវបានក្រុមស្ថាបនាកំពុងតែញាប់ដៃជើងបុកគ្រឹះបេតុងសម្រេចបានប្រមាណ២០% ដោយឡែកចំណុចទី២ ក្នុងភូមិជាហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នៅជាប់នឹងទន្លេមេគង្គ ក្រុមស្ថាបនាកំពុងតែបន្តការងាររបស់ខ្លួនប្រឹងប្រែងធ្វើយ៉ាងណាឱ្យបានរួចរាល់មុនរដូវដំឡើងមកដល់។ព្រោះនៅតំបន់នោះមានផ្សារជាហែនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់សិបខ្នង។ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋបែបនេះហើយទើបឯកឧត្តមអភិបាលខេត្តបានយកចិត្តទុកដាក់ក្នុងការសាងសង់ច្រាំងទន្លេដើម្បីធានាបាននូវសុវត្ថិ ភាពជូនបងប្អូនអាជីវករនិងពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ។
លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងដែរថា ច្រាំងទន្លេចំណុចមុខសណ្ឋាគារមេគង្គដែលទទួលរងបាក់ស្រុតប្រវែង៧០ម៉ែត្រ ដោយសារគ្រោះទឹកជំនន់ពីទន្លេមេគង្គ រហូតមក ដល់ពេលនេះក្រុមការងារមន្ទីររបស់លោកបានសាងសង់រួច ១០០%៕