(ខេត្តក្រចេះ,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)៖អភិបាលរងខេត្ត លោក ប៉ែន លីណាត បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាបន្ថែម ដែលជា អំណោយ ឯកឧត្តមអភិបាលខេត្ត មកប្រគល់ជូនប្រជាពលរដ្ឋចំនួន៩ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ដែលមានជីវភាពខ្សត់ខ្សោយ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។
ក្នុងពិធីចុះសួរសុខទុក្ខពលរដ្ឋដែលកំពុងសំរាកធ្វើចត្តាឡីស័ក នៅថ្ងៃទី២៤ខែកុម្ភៈនេះ អភិបាលរងខេត្ត លោក ប៉ែន លីណាត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់ សូមឱ្យជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។
លោកបានបន្តថា សម្រាប់ខេត្តក្រចេះ មកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩អវិជ្ជមានទាំងអស់។
ជាមួយគ្នានេះ លោកបានស្នើដល់អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករ ដើម្បីឱ្យពួកគាត់រួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ដែរថា ៖ ស្រុកស្នួលមានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួន ២ កន្លែង គឺ១- មន្ទីរពេទ្យស្នូល ២-សណ្ឋាគារ ហេង ហេង ត្រពាំងស្រែ ។ ដូច្នេះចំនួនអ្នកបានធ្វើចត្តាឡីស័កសរុបទាំងកម្រិត ១និង២ គឺ មាន២៧៤នាក់/ស្រី១០៤នាក់ ក្នុងនោះ កម្រិត១ មាន ៖១៨៤នាក់ /ស្រី ៦៧នាក់ កម្រិត២មាន៖៩០នាក់ ស្រី ៣៧នាក់ ។
បច្ចុប្បន្នមន្ទីរពេទ្យស្នូលមាន៖ ៦នាក់/ស្រី៤នាក់ -សណ្ឋាគារ ហេងហេង ត្រពាំងស្រែ ៧៩នាក់/ស្រី១៧នាក់ -ករណីថ្មីគ្មាន និងស្ថានភាពសុខភាពល្អធម្មតា ៕
ដោយ៖ឡេង ស៊ាងឡាយ(កែសម្រួលដោយ មណ្ឌល កែវ)






