កណ្តាល៖ លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរ បាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកម្លាំង ចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដែលមានខ្នងផ្ទះចំនួន៣០០គ្រួសារ ក្រោយមានការផ្ទុះជំងឺ កូវីដ-១៩ ដោយសមត្ថកិច្ច បានធ្វើការហ៊ុព័ទ្ធប្រជាពលរដ្ឋ មិនអោយចេញក្រៅ និង អោយខាងគ្រូពេទ្យធ្វើការយកសំណាកពួក គាត់ទាំងអស់គ្នា ។
នេះបើយោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ មិនានេះ។ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានអោយដឹងថា ការ សម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ន នេះ គឺអនុវត្តតាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាល ស្រុកល្វា ឯម និង ជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ- ១៩ស្រុកល្វាឯម ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១០ ខែមីនាដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមាននៅខេត្តកណ្ដាលរហូតទៅដល់២៩ ករណី។ ក្នុងនោះរកឃើញវិជ្ជមាននៅស្រុកល្វាឯម មាន១០ករណី និងស្រុកកោះធំ១៩ករណី៕






