បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ។ ពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
អង្ករស-កម្ពុជា ជើងទី១ បានទៅដល់ទឹកដីឥណ្ឌូនេស៊ី ចំនួន ៣៥០០តោន និងបន្តដឹកជញ្ជូនចំនួន ២ជើងបន្ថែមទៀត សរុប ១០,០០០តោន។
នេះជាការបញ្ជាក់របស់លោកជំទាវ អ៉ឹម រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
លោកជំទាវអ្នកនាំពាក្យបន្ថែមថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំ ចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពី សំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។
អ្នកនាំពាក្យបន្ថែមថា កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើ ឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ៕






