លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្វពិធីបុណ្យគម្រប់ខួប១០០ ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោក ទៅកាន់លោក ខាងមុខគម្រប់១០០ថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។
នៅមុនពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបូជាទៀនធូប ផ្គាភ្ញីទឹកអប់ប្រេងម៉្សៅគ្រឿងបភោគ បរិភោគ ភេសជ្ជៈគ្រប់សារពើ នៅទីសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលមានទីតាំងស្ថិតរម្មីយដ្ឋានភ្នំប្រុស ក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅក្នុងពិធីតាមបែបសាសនា ក្រោមកិច្ចដឹកនាំរបស់អ្នក ឧកញ៉ាភក្តី ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង បានធ្វើការបូងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ថែរក្សាក្នុងចក្រវាឡ បារមីវត្ថុស័ក្តិសិទ្ធថែរក្សាការពារម្ចាស់ទឹក ម្ចាស់ដី នៃរម្មណីដ្ឋានភ្នំប្រុស នៃទឹកដីភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់ សៀម ខេត្តកំពង់ចាមពិសេសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោក ខាងមុខគម្រប់ ១០០ថ្ងៃហើយនោះ សូមជួយឃុំគ្រងថែរក្សាការពារ និងការប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រព្រឹត្តិទៅដោយភាពសុខដុមរមនា ត្រជាក់ត្រជុំថ្កើនថ្កានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានយោងយិតទៅកាន់ឋានបរមសុខ សុគតិភពកុំបី ឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។
សូមបញ្ជាក់ថា ចេតីយ៍តម្កល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ១១ ម៉ែត្របួនជ្រុង និងកម្ពស់៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿង រចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ មកដល់ ពេលនេះចេតីយ៍នេះ ស្ថាបនាហើយប្រមាណ ៣០ភារយ ដោយគ្រោងបញ្ចប់រយៈពេល១ឆ្នាំ។
សូមបញ្ជាក់ថា ពិធី បុណ្យទក្ខិណានុប្បទានគំរប់ខួប ១០០ ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នឹងប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ គឺប្រារព្វធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២៕






