ឥណ្ឌូនេស៊ី ៖ ប៉ូលីសឥណ្ឌូនេស៊ី បាននិយាយថា ពួកគេបានចាប់ខ្លួនសមាជិកជាន់ខ្ពស់នៃអង្គការ ភេរវករម្នាក់ ពីបទសង្ស័យថា ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅកោះបាលី ដែលបានសម្លាប់មនុស្ស ២០២នាក់ កាលពីឆ្នាំ២០០២។
ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនលោក ហ្សូលកាណេន នៃបណ្តាញក្រុម ជេម៉ាអា អ៊ីស្លាមីអា ដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍។ លោកហ្សូលកាណេន ត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធនឹងការបង្កើតគ្រាប់បែកដែលត្រូវបានប្រើក្នុងការវាយប្រហារ។ លោកក៏មានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារផ្សេងទៀត រួមទាំងការទម្លាក់គ្រាប់បែកឆ្នាំ ២០០៣ និង ២០០៤ នៅរដ្ឋធានីចាការតា ផងដែរ។
លោក ហ្សូលកាណេន បានស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានក្លាយជាអ្នកតំណាងម្នាក់របស់ក្រុមអាល់កៃដា នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់រង្វាន់ដល់ទៅ ៥ លានដុល្លារសម្រាប់ព័ត៌មានដែលនាំទៅដល់ការឃុំខ្លួន បុរសរូបនេះ៕
ដោយ ៖ ម៉ាម៉ា






