ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សា យរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន ដោយបង្ហាញពីវឌ្ឈនភាពយ៉ាងសំខាន់លើការអភិរក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមានត្មាតផេះត្មាតត្នោត និងត្មាតភ្លើង។
របាយការណ៍នេះរំលិចពីកិច្ចខំប្រឹងប្រែងសហការរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាចាប់ពីខែមករារហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើតមានឡើង និងភាពជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វសំខាន់ៗទាំងនេះ។
នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមានចំនួន១៣២ក្បាលនៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញាបញ្ចាក់ពីនិន្នាការមានស្ថេរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។
ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង។» ឯកឧត្តមបានបន្ថែមថា «របាយការណ៍នេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកិច្ចសហការព្រមទាំងផែនការយុទ្ធសាស្ត្ររួមគ្នាប្រកបដោយភាពច្នៃប្រឌិតដើម្បីការពារប្រភេទសត្វដែលពិភពលោកយកចិត្តទុកដាក់ការពារទាំងនេះ។
ការផ្តល់អាហារបន្ថែមនៅក្នុងអាហារដ្ឋានត្មាត មិនមែនគ្រាន់តែជាការទ្រទ្រង់ចំនួនសត្វត្មាតប៉ុណ្ណោះទេ ក៍ជាការផ្តល់ឱកាសអោយសត្វត្មាតទាំងនោះមានឱកាសរស់រានមានជីវិត។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានលទ្ធផលគួរអោយកត់សម្គាល់ ដោយចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានស្ថេរភាពនៅក្នុងឆ្នាំនេះ។
នៅឆ្នាំ២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសំបុកជោគជ័យខ្ពស់គួរអោយកត់សម្គាល់រហូតដល់៨៧% ដោយមានកូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្កកំណើតជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា។
ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្ករអោយសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួនប្រាំបីត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។
សូមបញ្ចាក់ថាក្នុងឆ្នាំ២០២៣នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ៕






