កូឡាឡាំពួរ៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកម៉ាឡេស៊ីពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាស អំឡុងពេលហាត់សមសម្រាប់ព្យុហយាត្រាកងទ័ពជើងទឹកកាលពីថ្ងៃអង្គារ ដោយបានសម្លាប់សមាជិកនាវិកទាំង ១០នាក់នៅលើយន្តហោះ។ កងទ័ពជើងទឹកបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឯមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak ភាគខាងលិច នៅម៉ោង ៩:៣២ព្រឹក ម៉ោងក្នុងស្រុក។ កងទ័ពជើងទឹកបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជាក់ថា ស្លាប់នៅកន្លែងកើតហេតុ ហើយបានបញ្ជូនទៅមន្ទីរពេទ្យយោធាមូលដ្ឋានទ័ពជើងទឹក Lumut ដើម្បីកំណត់អត្តសញ្ញាណ។ រដ្ឋមន្ត្រីការពារជាតិលោក Mohamed Khaled Nordin បាននិយាយថា យន្តហោះដែលជាឧទ្ធម្ភាគចក្រប្រតិបត្តិការដែនសមុទ្រ និងយន្តហោះចម្បាំង Fennec កំពុងហាត់សមសម្រាប់ព្យុហយាត្រាអបអរសាទរខួបលើកទី៩០ នៃកងនាវាចរម៉ាឡេស៊ី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍។ លោកបានប្រាប់អ្នកយកព័ត៌មានថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់សមាជិកនាវិកដែលត្រូវបានសម្លាប់ ដែលសុទ្ធតែមានអាយុក្រោម ៤០ឆ្នាំ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






