តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តទៅលើឯកសារសំខាន់ចំនួនពីរ និងធ្វើការកត់សំគាល់លើឯកសារ សំខាន់ចំនួន៩។ ថ្នាក់ដឹកនាំកំពូលអាស៊ានចង់ឃើញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ នៅឆ្នាំ២០២០នេះ។ នេះជាការបញ្ជាក់របស់ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយកិច្ចប្រជុំ។
ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ឯកសារសំខាន់ចំនួនពីរ ដែលប្រមុខដឹកនាំអាស៊ាន ធ្វើការអនុម័ត គឺ សេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីភាពស្អិតរមួត និងការឆ្លើយតបរបស់អាស៊ាន ដែលឯកសារនេះ គឺជាឯកសារសំខាន់ក្នុងការបញ្ជាក់អំពីឆន្ទៈរបស់អាស៊ាន នៅក្នុងការអនុវត្តគម្រោង ឲ្យកាន់តែមានប្រសិទ្ធភាព និងការធ្វើយ៉ាងណាឲ្យបានសម្រេចនូវចក្ខុវិស័យអាស៊ាន២០២៥។
ដោយឡែកឯកសារសំខាន់មួយទៀត គឺសេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរបរិបទការងារនៅលើពិភពលោក។
ឯកសារនេះជាឯកសារសំខាន់របស់អាស៊ាន ក្នុងការជំរុញធ្វើឲ្យអាស៊ានបន្តការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងសមត្ថភាពរបស់អាស៊ាន។
ពិសេសជំរុញធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាស៊ាន ដែលមាន លក្ខណៈប្រកួតប្រជែង។
ក្រៅពីនេះប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានធ្វើការកត់សម្គាល់ឯកសារសំខាន់ចំនួន៩ ដូចជាផែនការការងារ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងនៃអំពើហិង្សានិយមឆ្នាំ ២០១៩-២០២៥ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីអាស៊ានស្ដីពីកសិកម្មនិងព្រៃឈើ ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ covid-19 ដើម្បីធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀងនិងចំណីអាហារ។ ឯកសារផ្សេងទៀត គឺជាផែនការសកម្មភាពទីក្រុងហាណូយ ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងជំងឺ covid 19។






