(ខេត្តកណ្តាល,ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២០)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ក្រោយពីបានក្លែងបន្លំឯកសារផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយប្រើប្រាស់ត្រាឃុំ និងត្រាឈ្មោះក្លែងក្លាយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត
កណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិ
ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១-ឈ្មោះ មៀច ផៃ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខងារជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះឡាង ថុល ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខងារមេភូមិ មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំពោះវត្ថុតាងដកហូតបានពីជនសង្ស័យមាន ត្រាមូលឃុំក្លែងក្លាយ ចំនួន ០១ និងត្រាឈ្មោះ ចំនួន០២ ។
សមត្ថិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានថា មានគេបន្លំធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ ទាំងឈ្មោះ ហត្ថលេខា ពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការណ៍ជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុក បានហៅ ជនសង្ស័យខាងលើមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស បានឆ្លើយសារភាពថាខ្លួន បានឆាតទៅកន្លែងឆ្លាក់ត្រា តាម Facebook ដែលមានយីហោឆ្លាក់ត្រាពីចំងាយ ឲ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឲ្យខ្លួន ក្នុងតម្លៃ២០$ ដោយផ្ញើលុយតាមរយៈ ធនាគារ ABA រយៈពេលមួយអាទិត្យទើបកន្លែងឆ្លាក់ត្រាឲ្យម៉ូតូឌុបយកមកឲ្យខ្លួន ពេលបានត្រាហើយ ខ្លួនក៏រៀបចំឯកសារក្លែងក្លាយដោយមានបោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់ចំនួន៣០.០០០$ ដើម្បីប្រកបមុខរបរ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕






