(ខេត្តព្រៃវែង,ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០)៖ភ្ញៀវទេសចរណ៍ជាង២ម៉ឺននាក់ បានចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ធាននានា ក្នុងឱកាសឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គិតចាប់ពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
លោក ទឹម ទេពវស្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែសីហានេះថា ក្នុងឱកាសប្រមុខរាជរដ្ឋាភិបាលអោយឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរណ៍ជាតិសរុបចំនួន២៣.៣៩២នាក់ ដែលចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានចំនួន៦កន្លែង រួមមាន៖រមណីយដ្ឋានធម្មជាតិនគរភ្នំ(ភ្នំឈើកាច់)ស្រុកបាភ្នំ,រមណីយដ្ឋានទួលបារាយណ៍អណ្តែត(បារាយណ៍លិច)ក្រុងព្រៃវែង,តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី(ទ័ពស្តេច)ស្រុកបាភ្នំ,តំបន់សួនសត្វតាដាបាយ៉ាប ស្រុកកំចាយមារ,គោលដៅទេសចរណ៍ស្ទឹងចា(ត្រពាំងរមាស)ស្រុកកំចាយមារ និងគោលដៅទេសចរណ៍ដីដុះ(ស្វាយភ្លោះ)ស្រុកពាមជរ។
លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរណ៍ឆ្នាំនេះបើយើងប្រៀបធៀបឆ្នាំទៅគិតសរុប គឺមានការថយចុះប្រហែលជាង៧០%ភាគរយ ខណ:ឆ្នាំទៅភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុបជាង៧ម៉ឺននាក់។
មូលហេតុនៃការថយចុះដោយសារឆ្នាំទៅមានលេងល្បែងរបាំប្រពៃណី ជាពិសេសសង្ក្រានព្រៃវែង។
ប៉ុន្តែបើគិតដាច់ដោយឡែកនូវចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្សាន្តតាមរមណីយដ្ធាន និងតំបន់ទេសចរណ៍ នីមួយៗគឺមានការកើនឡើងគួរកត់សម្គាល់។ហើយសម្រាប់ភ្ញៀវទេសចរណ៍ឆ្នាំនេះគឺមានតែភ្ញៀវជាតិទាំងអស់ ពុំមានភ្ញៀវអន្តរជាតិឡើយ។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តបន្តទៀតថា យោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ នាឱកាសថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ទីរបានសហការជាមួយនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានធ្វើការចុះអប់រំផ្សព្វផ្សាយនៅតាមក្រុង ស្រុក ក្នុងខេត្តព្រៃវែង សរុបរួមបានចំនួន៨៧កន្លែង ក្នុងនោះសណ្ឋាគារនិងផ្ទះសំណាក់៣៩កន្លែង ភោជនីយដ្ធាន និងអាហារដ្ធាន៤៤កន្លែង តាមបណ្តារមណីយដ្ធាន និងគោលដៅទេសចរណ៍៤កន្លែង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងមិនអោយមានការតម្លើងថ្លៃលើសកំណត់កោភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តព្រៃវែងទាំងមូលបានឡើយ។មិនតែប៉ុណ្ណោះមន្ទីរក៏បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងដំណាក់កាល ការពារជម្ងឺកូវីដ-១៩ ព្រមជាមួយការលើកកម្ពស់អនាម័យម្ហូបអាហារ បរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្មអោយបានសមរម្យ និងយកចិត្តទុកដាក់ បន្ថែមលើការពិនិត្យគ្រប់គ្រងកន្លែងកម្សាន្តនានា មានរៀបចំក្រុមការងារសម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍និងរមណីយដ្ឋាននីមួយៗបានល្អប្រសើរផងដែរ៕
ដោយ៖ស៊ឹម សាន់(កែសម្រួលដោយ មណ្ឌល កែវ)





