(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំស្តីពី ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយកន្លងមក ក្រសួងមហាផ្ទៃបានទទួល យកការដោះស្រាយចំពោះបណ្តឹង សំណើ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ ឬក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈការដាក់លិខិតចូលមកក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងតាមរយៈការដកស្រង់សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីបញ្ជូនទៅឲ្យអគ្គជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ធ្វើការដោះស្រាយ។






