(ខេត្តកណ្ដាល,ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១)៖ អភិបាលខេត្តកណ្ដាល ឯកឩត្តម គង់ សោភ័ណ្ឌ បានថ្លែងថា កម្មករ កម្មការិនី និងនិយោជិត រោងចក្រនៅស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល គឺជាស្រុកដែលមានអាទិភាពនឹងទទួលបានការចាក់វ៉ាក់សាំងការពារ
ជំងឺកូវីដ-១៩ មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្ត កណ្ដាល នៅពេលដែលរាជរដ្ឋាភិបាល សម្រេចទម្លាក់វ៉ាក់សាំងជូន ដល់ខេត្តកណ្ដាល។
ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំ ទាំងយប់ ដើម្បីស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល បន្ទាប់ពីកម្មករនៅរោងចក្រមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ម្សិលម៉ិញនេះ ។
ឯកឧត្តម ថ្លែងបន្តថា ដើម្បីធានាដល់និរន្តភាព សេដ្ឋកិច្ចនៅក្នុងខេត្ត កណ្ដាល កម្មករ កម្មការិនី រោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ត្រូវទទួលបានការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវការឆ្លងនូវមេរោគដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យអាជ្ញាធរស្រុក ខ្សាច់ កណ្ដាល ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយកម្មករដែលមានការសង្ស័យជាប់ពាក់ព័ន្ធ ដើម្បីឲ្យពួកគាត់ធ្វើ ចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា។
ដោយ៖ដាំ ជា(កែសម្រួលដោយ មណ្ឌល កែវ)






