ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ អង្គការសហ ប្រជាជាតិ (UN) ដឹកនាំដោយ ឯកឧត្តម Joe Scheuer, United Nations Resident Coordinator និងមានការចូលរួមពីសំណាក់ ឯកឧត្តម Will Parks តំណាង UNICEF នៅកម្ពុជា និង ឯកឧត្តម Sardar Umar Alam តំណាង UNESCO នៅកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺ (១). ដើម្បីពិនិត្យពិភាក្សាលើសំណើក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការបន្តជួយគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំ ក៏ដូចជាការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមខែមិថុនាកន្លងទៅនេះ និង (២). ពិភាក្សាអំពីការសហការរៀបចំ កិច្ចប្រជុំកំពូលយុវជនថ្នាក់ជាតិ (National Youth Summit) ដើម្បីប្រមូលធាតុចូលត្រៀមសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន Summit of the Future នៅទីក្រុងញូវយ៉ក នាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តម Joe Scheuer បានរំលឹកឡើងវិញពីលទ្ធផលនៃជំនួបរវាង UN និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្មីៗនេះ ដែលបានទទួលស្គាល់នូវសមិទ្ធផលជាច្រើនដែលសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការរវាង UN និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយផ្ដោតលើអាទិភាពចំនួន២ គឺ ១) ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ និង ២) ការពន្លឿនការកែលម្អជំនាញ និងលទ្ធភាពការងារសម្រាប់យុវជនក្រោយបញ្ចប់ការសិក្សា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ និងសម្រេចបាននូវវឌ្ឍន ភាពប្រកបដោយនិរន្តរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ឈរលើមូលដ្ឋានភាពជាដៃគូដើម្បីសម្រេចគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព និងបានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងកំណែទម្រង់គ្រូបង្រៀន និងការកែលម្អគោលនយោ បាយគ្រូបង្រៀន។
ឯកឧត្តម គូសបញ្ជាក់ថាបច្ចុប្បន្នក្រសួងបានរៀបចំប្រព័ន្ធរួចរាល់ហើយ នៅឡើយការពង្រឹងបន្ថែមលើការវិភាគគោលនយោបាយ (Policy Analysis) ដើម្បីបន្តកែលម្អប្រព័ន្ធនេះឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលកំណត់យកកំណែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាព៕






