រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ នឹងបន្តមិនអញ្ជើញមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាននោះទេ ដរាបណានៅមិនទាន់មានការវិវឌ្ឍជាវិជ្ជមានលើកិច្ចព្រម ព្រៀងឯកច្ឆន្ទទាំង៥ចំណុចនោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហររបស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ទៅទីក្រុងចាកាតា បានចុះកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច ដែលក្នុងនោះមាន ៣ចំណុចអទិភាព ទី១. ការបញ្ឈប់អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយផលដល់ដំណើរការនយោបាយអាចចាប់ផ្ដើមបាន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា កាលពីឆ្នាំកន្លងទៅ បន្ទាប់ចុះកិច្ចព្រមព្រៀងបានប៉ុន្មានខែ រដ្ឋមន្ត្រីការបរទេសមីយ៉ានម៉ា បានចូលរួមកិច្ចប្រជុំ ហើយសមាជិកផ្សេងៗឲ្យគាត់ពន្យល់ តើមីយ៉ាន់ម៉ាមានបំណងធ្វើអ្វី ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ដោយអាស៊ានមានភាពច្បាស់លាស់ណាស់ គឺវឌ្ឍនភាពត្រូវតែមាន ពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ។ អាស៊ានក៏មានកិច្ចប្រជុំបន្ទាន់ ពិនិត្យកិច្ចព្រមព្រៀងទាំង៥ចំណុច គឺមិនមានឃើញអ្វីប្រែប្រួលនោះទេ។ រដ្ឋមន្ត្រីការបរទេស បានបន្ថែមថា មិនមានកងសង់ស៊ីសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ កន្លងទៅ សមាជិកក៏គោរពទៅតាមការសម្រេចចិត្តរបស់ប្រធាន គឺប្រុយណេ ក្នុងការអញ្ជើញតំណាងអ្នកមិននយោបាយមកចូលរួមកិច្ចប្រជុំ តែរបបណៃពីដោបានបដិសេធ ដោយអាស៊ាននៅតែអនុវត្តគោលការណ៍ដដែល ដរាប ណានៅមីយ៉ាន់ម៉ា មិនមានការប្រែប្រួលជាវិជ្ជមានលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ ចំណុច ខណៈស្ថានភាពកាន់តែអាក្រក់ជាងមុន បន្ទាប់ពីមានការប្រហារជីវិតសមាជិកប្រឆាំង៤រូប។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ ក្រសួងការបរ ទេសកម្ពុជា ក៏បានធ្វើលិខិតទៅរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក្នុងការបញ្ជូនតំណាងអ្នកមិននយោបាយ ក្នុងប្រទេសមួយនេះ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ប៉ុន្តែពុំមានតំណាងរបស់មីយ៉ាន់ម៉ាមកចូលរួមនោះទេ ដោយកៅអីនៅទំនេរ ។ ក្រៅពីដុំថ្មក្តៅ១ដុំរបស់មីយ៉ាន់ម៉ាដែលត្រូវបានលើក យកមកពិភាក្សាយ៉ាងក្តៅគគុគនោះ ឯកឧត្តម ប្រាក់ សុខុន ក៏បានឱ្យដឹងទៀតថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានក៏បានលើកយកបញ្ហាសមុទ្រចិនខាងត្បូងនិងមជ្ឈឹមបូព៌ា ដែលបានកើតមានឡើងជាយូឆ្នាំមកហើយនោះមកពិភាក្សាផងដែរ ប៉ុន្តែបញ្ហានេះមិនអាចរកដំណោះ ស្រាយល្អបានត្រឹមកម្រិតអាស៊ាននោះបានទេ។បន្ថែមពីនេះ ក៏មានកិច្ចសន្ទនាស៊ីជម្រៅលើទំនាក់ទំនងជាមួយបណ្តាប្រទេសដៃគូរអាស៊ានជាច្រើនទៀត ក្នុងគោលបំ ណងពង្រឹងនិងពង្រីកកិច្ចសហការលើគ្រប់វិស័យនិងដើម្បឧត្តមប្រយោជន៍របស់ប្រជាជាតិ ក៏ដូចជាសុខសុវត្ថិភាពនិងសន្តិភាពរបស់ពិភពលោកផងដែរ៕ ដោយ៖ សំអាត និងពិសិដ្ឋ






