ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរបានបុកជាមួយរថយន្តដឹកប្រេង ហើយបានឆាបឆេះនៅជិតស្រុក ចាឡាភ្យឺ ភីវ៉ាឡា នៃខេត្តពុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ។ រថយន្តទាំង២គ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបុកគ្នាបណ្តាលឱ្យអ្នកដំណើរ១៨នាក់ស្លាប់។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា បន្ទាប់មកប៉ូលីសផ្លូវថ្នល់ និងក្រុមជួយសង្គ្រោះបានទៅដល់កន្លែង និងចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ ហើយអ្នករងរបួសចំនួន៨នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដែលជាកន្លែងដែលមនុស្ស២នាក់ទៀតបានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ។ ហើយបានបន្ថែមថា សាកសពអ្នកស្លាប់ទាំង១៨នាក់ ត្រូវបានស្រង់ចេញពីបំណែក នៃរថយន្តក្រុង៕
បកប្រែដោយ រម៉ាម វ៉ុង







