ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ ចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជធានីភ្នំពេញ មានតម្រូវការស្ពានឆ្លងកាត់ទន្លេ ចំនួន៣បន្ថែមទៀត ដើម្បីរំដោះ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។
តាមសម្តេចតេជោ ស្ពានទី១ គឺស្ពានឆ្លងកាត់ទន្លេសាបពីផ្សាររាត្រី ទៅជ្រោយចង្វារ និងពីជ្រោយចង្វាទៅស្វាយជ្រំ ដែលកំពុងស្ថិតនៅដំណាក់កាលចរចាជាមួយភាគីកូរ៉េ។ ស្ពានទី២ គឺស្ពានក្តីតាកុយ និងស្ពានទី៣ គឺស្ពានព្រែកប្រា ដែលជា ស្ពានធំ ៤គន្លង។ ស្ពានព្រែកប្រានេះ បើសិនមិត្តចិន សម្រេចជួយ ស្ពាននេះនឹងអាចបើកការដ្ឋាននៅឆ្នាំក្រោយ នេះតែម្តង។






