សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវជំនឿចិត្តថា អ្នកបន្តវេន ដែលសុទ្ធជាយុវជន បានរៀបចំខ្លួនរួចជាស្រេច សម្រាប់ការទទួលអម្រែកដឹកនាំប្រទេស ជាតិពីអ្នកចាស់ៗ។
សម្តេចតេជោ អះអាងដែរថា ការសម្រេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ដើម្បីឱ្យអ្នកជំនាន់ក្រោយបន្តដឹកនាំ ដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
នៅមុនការចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា សេនារីយោចំនួនពីរ នៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី គឺសេណារីយោទី១៖ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេណារីយោទី២៖ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង ដើម្បីឲ្យអ្នកបន្តវេនទាំងនោះ មានលទ្ធភាពដឹកនាំពេញលេញ។
ចុងក្រោយ សម្តេចតេជោ សម្រេចយកសេនារីយោទី២ និងធ្វើការប្រកាសជាសាធារណៈ ដោយមិនមានអ្នកណាដឹងលើយសូម្បីតែ ភរិយា និងឯកឧត្តមហ៊ុន ម៉ាណែតផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបែបនេះដើម្បីផ្តល់អំណាចពេញលេញទៅឱ្យអ្នកបន្តវេន មានលទ្ធភាពធ្វើកិច្ចការរបស់ពួកគេពេញមួយអាណត្តិតែម្តង។
សម្តេចតេជោ បានបញ្ជាក់ថា អ្នកបន្តវេនបានរៀបចំខ្លួនបានយ៉ាងល្អគ្រប់គ្រាន់ហើយ សម្រាប់ទទួលអម្រែកបន្តពីអ្នកចាស់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។
ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។
សម្រាប់ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។
ទោះបីយ៉ាងណាក្តី សម្តេចតេជោ បានបញ្ជាក់ពីលទ្ធភាពវិលត្រលប់មកកាន់ តំណែងជានាយករដ្ឋមន្ត្រីជាថ្មីវិញ គឺដើម្បីធានាសេចក្តីរបស់ប្រជាជន ក្នុងករណីក្នុងករណីនាយករដ្ឋមន្ត្រីថ្មីឯកឧត្តម ហ៊ុន ម៉ាណែត ជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត។
គូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងលែងជានាយរកដ្ឋមន្ត្រីទៀតហើយ ដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីសម្តេចតេជោ។ សម្តេចតេជោ នឹងបន្តឈរឈ្មោះជាប្រធានព្រឹទ្ធសភា នៅអាណត្តិក្រោយ ឆ្នាំ២០២៤ ខាងមុខនេះ។
សម្តេចតេជោ នឹងត្រូវបានព្រះមហាក្សត្រ តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕






