អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសឺ កាណានី (Nasser Kanaani) ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនការឆ្លើយតប ស្ថាបនា ទៅនឹងសំណើរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេហេ រ៉ង់ជាមួយមហាអំណាចពិភពលោក។ អត្ថបទដែលត្រូវបានផ្ញើ (ដោយអ៊ីរ៉ង់) មានវិធីសាស្រ្តស្ថាបនាក្នុងគោលបំណងបញ្ចប់ការចរចារ។
របាយការណ៍របស់ IRIB បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅប្រធានគោលនយោបាយការបរទេសរបស់ EU តែវាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
បន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេល១៦ខែ រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន លោក បូរៀល បាននិយាយកាលពីថ្ងៃទី៨ ខែសីហាថា EU បានដាក់សំណើចុងក្រោយដើម្បីជម្នះភាពជាប់គាំងសម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនេះ។
នៅក្រោមកតិកាសញ្ញាឆ្នាំ ២០១៥ អ៊ីរ៉ង់បានទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។
បកប្រែដោយ រម៉ាម វ៉ុង






