អាជ្ញាធរខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ បានរងផលប៉ះពាល់នូវដំណាំស្រូវសរុប ២៧,៣៤៥ ហិកតា ខូចខាត៩,៥០០ ហិកតា ស្មើនឹង១,៥២២៣គ្រួសារ។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការងារគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់ត្រូវសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ត្រូវសិក្សាអំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់បានស្រកឱ្យទទួលបានការស្តារមុនគេ ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីលើកឡើងថា សម្តេចតេជោដែរប្រសូត្រចេញពីគ្រួសារកសិករ លោកក្តាប់បាននិងមានការយល់ដឹងស៊ីជំរៅពីការលំបាក និងតម្រូវការរបស់បងប្អូនប្រជាកសិករ ដូច្នេះសម្តេចបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តាជីវភាពឡើងវិញដោយហេតុថា វិស័យកសិកម្មជាវិស័យស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា៕







