ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារ ណការ និងដឹកជញ្ជូន បានអនុញ្ញាតិឱ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានា ដែលក្រសួងបាន និងកំពុងប្រឹងប្រែងធ្វើការអភិវឌ្ឍ ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលក្រសួងធ្លាប់បានសិក្សាសមិទ្ធិលទ្ធភាពពីមុនមក រួមមាន៖ ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាគម្រោងនេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ក្រៅពីការជជែកពិភាក្សាអំពី វិស័យហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនតាមផ្លូវគោក ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការដឹកជញ្ជូនតាមផ្លូវ ទឹកតាមទន្លេបាសាក់ ភ្ជាប់ទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនដែរថា ប្រសិនបើគម្រោងនេះសម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជ្ជូនតាមផ្លូវទឹកផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ ចំពោះគម្រោងនានាដែល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាបជូន។
ឯកឧត្តមបានឆ្លៀតយកឱកាសនេះ ក្នុងការគោរពអញ្ជើញ ថ្នាក់ដឹកនាំក្រសួង ដើម្បីចូលរួមក្នុងកម្មវិធី ពិភាក្សាពិគ្រោះយោបល់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈMRT ក្នុងរាជធានីភ្នំពេញ ព្រមទាំងសិក្ខាសាលាអំពី “ការកៀរគរវិស័យឯកជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា” (Mobilizing Private Sector for Sustainable Development in Cambodia) ដែលស្ថានទូតនៃចក្រភពអង់គ្លេស គ្រោងនឹងរៀបចំនាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣ខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពក្នុងការចាត់ តាំងថ្នាក់ដឹកនាំក្រសួង អមដោយមន្ត្រីជាន់ខ្ពស់មួយចំនួន ដើម្បីចូលរួមក្នុងកម្មវិធីខាងលើ៕






