មេដឹកនាំនៃសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានបង្ហាញពីព័ត៌មានលម្អិតថ្មីនៃផែនការរបស់ពួកគេ ក្នុងការបង្កើតកងនាវានៃនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ក្រោយ។ ក្រោមកិច្ចព្រម ព្រៀង AUKUS អូស្ត្រាលីនឹងទទួលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោចណាស់ បីគ្រឿងពីអាមេរិក។
សម្ព័ន្ធមិត្តនេះក៏នឹងធ្វើការរួមគ្នា ដើម្បីបង្កើតកងនាវាថ្មី ដោយប្រើបច្ចេកវិទ្យាទំនើប រួមទាំងម៉ាស៊ីនរ៉េអាក់ទ័រ ផលិតដោយ Rolls-Royce នៅចក្រភពអង់គ្លេសផងដែរ។
កតិកាសញ្ញានេះមានគោលបំណងទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ី ហ្វិក។ ថ្លែងជាមួយមេដឹកនាំផ្សេងទៀតនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់ថា កប៉ាល់ទាំងនោះនឹងមិនមានអាវុធនុយក្លេអ៊ែរ ហើយនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការក្លាយជាប្រទេសគ្មាននុយក្លេអ៊ែរនោះទេ។
ក្រោមកិច្ចព្រមព្រៀង បានគូសបញ្ជាក់កាលពីថ្ងៃចន្ទថា សមាជិកនៃកងនាវាចរអូស្ត្រាលី (RAN) នឹងត្រូវបានដាក់នៅមូលដ្ឋាននាវា មុជទឹករបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចាប់ពីឆ្នាំនេះ ដើម្បីទទួលបានជំនាញចាំបាច់ក្នុងការប្រើប្រាស់នាវាមុជទឹក ចាប់ពីឆ្នាំ២០២៧។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងដាក់មូលដ្ឋាននុយក្លេអ៊ែរមួយចំនួនតូចនៅឯមូលដ្ឋាន នាវាចរអូស្ត្រាលីនៅទីក្រុង Perth មុនពេលអូស្ត្រាលីទិញនាវាមុជទឹកថ្នាក់អាមេរិក Virginia ចំនួន៣ គ្រឿងនៅដើមឆ្នាំ ២០៣០ ជាមួយនឹងជម្រើសក្នុងការទិញពីរបន្ថែមទៀត។ បន្ទាប់ពីនោះ ផែនការនេះគឺដើម្បីរចនា និងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីទាំងស្រុងសម្រាប់កងទ័ព ជើងទឹកចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលហៅថា SSN-AUKUS៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






