ថ្លែងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្មនេះ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិត ស្នាមនានាត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្នន័យអត្តសញ្ញា ណបុគ្គល បណ្តុំទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។
សម្តេចក្រឡាហោម មានប្រសាសន៍ ឱ្យដឹងថា កន្លងមកទាក់ទងនឹងបទបញ្ញាតិ្តនៃការចុះបញ្ជីស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នៅមានភាពរប៉ាត់ រប៉ាយ ដែលបង្កការលំបាកក្នុងការទទួលបានព័ត៌មានជាក់លាក់ ច្បាស់លាស់ និងមិនទាន់មានភាពគ្រប់គ្រាន់ ដែលពុំទាន់ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ន។
ដោយមើលឃើញពីការរីកចម្រើន និងតម្រូវការចាំបាច់នេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរ ក្រសួងដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះឡើង។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រ ជុំនេះ អាចថាជាកិច្ចប្រជុំអន្តរក្រសួងចុងក្រោយ មុននឹងដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច។ បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីស្រាវជ្រាវ និងតាក់តែងច្បាប់នេះឡើង។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអនុត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន១៣ ជំពូក និង១៨២មាត្រា ដែលរៀបចំឡើងដើម្បីកំណត់អំពីវិធាន និងនីតិវីធីដែលទាក់ទងនឹងការចុះបញ្ជីអត្រានុកូ លដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការរៀបចំស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល និងការរៀបចំ និងការគ្រប់ គ្រងបញ្ជីប្រជាជនដើម្បី ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម៕






