សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រុមគ្រូពេទ្យគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការព្យា បាលប្រជាជន និងត្រូវចាត់ទុកការបម្រើ និងសង្គ្រោះប្រជាជនគឺជាស្នូល ធ្វើជាគោលដៅសកម្មភាពសម្រាប់គ្រូពេទ្យ។ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ មានប្រសា សន៍ថា ក្រុមគ្រូពេទ្យត្រូវគិតដល់ជីវិតមនុស្ស គឺសំខាន់ ណាស់ យើងធ្វើពេទ្យដើម្បីសង្គ្រោះមនុស្ស នេះជាសីលធម៌ចម្បងរបស់ក្រុមគ្រូពេទ្យ។
សម្តេចតេជោ បានណែនាំឱ្យក្រុមគ្រូពេទ្យមិនត្រូវឱ្យឈ្មោះនេះបាត់បង់ទៅវិញដោយសារតែបញ្ហាបុគ្គលរបស់គ្រូពេទ្យ ខណៈក្រុមគ្រូពេទ្យមានប្រសិទ្ធិ នាមថា កងទ័ពអាវស។
សម្តេចបានណែនាំឱ្យក្រុមគ្រូពេទ្យត្រូវលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកទេសឱ្យបានច្បាស់លាស់ក្នុងការព្យាបាលអ្នកជំងឺ។ សម្តេចបានថ្លែងថា៖«បច្ចេកទេសដែលគ្មានការគ្រប់គ្រងដោយក្រម សីលធម៌មួយទេ បច្ចេកទេសនឹងនាំឱ្យមានគ្រោះថ្នាក់»
ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានឱ្យដឹងថា «អគារតេជោអភិវឌ្ឍន៍» ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេស ប្រកបទៅដោយបច្ចេក វិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គម្រោងសាងសង់អគារទាំង មូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃទឹកប្រាក់សរុប ៧០,៣៣១,៨១១ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា។
«អគារតេជោអភិវឌ្ឍន៍» សាង សង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង ២២.៥ ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ ។
អគារតេជោអភិវឌ្ឍន៍» នេះ អាចផ្តល់សេវាសុខាភិបា លជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។
លើសពីនេះ អគារតេជោអភិវឌ្ឍន៍ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះ បណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធឌីជីថលដ៏ទំនើបឈានមុខក្នុងប្រទេស៕






