នៅរសៀលថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីទទួលជំនួយហិរញ្ញវត្ថុពីសាធារណរដ្ឋហ្វីលីពីន ដើម្បីជួយមីយ៉ាន់ម៉ា ក្រោយពីរងគ្រោះដោយសារខ្យល់ព្យុះ Cyclone Mocha កាលពីខែឧសភា ឆ្នាំ២០២៣ ដោយក្នុងពិធីនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតហ្វីលីពីន និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអាស៊ានផងដែរ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចាប់ផ្តើមតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (SG-AHAC) ដើម្បីគាំទ្រដល់សកម្មភាពធ្វើឱ្យប្រសើរឡើងវិញនូវតំបន់ដែលរងគ្រោះដោយសារខ្យល់ព្យុះ Cyclone។
ការចូលរួមវិភាគទានរបស់រដ្ឋាភិបាលហ្វលីពីន គឺបង្ហាញថា អាស៊ានឈរលើស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងផលប៉ះពាល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះការអនុវត្ត “អាស៊ានមួយ ការឆ្លើយតបមួយ” ជាពិសេសក្នុងការកៀរគរធនធានកាន់តែច្រើនដើម្បីធានាបាននូវការឆ្លើយតបរួមរបស់អាស៊ាន ចំពោះគ្រោះមហន្តរាយ។






