ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជម្រាបជូនគណៈកម្មការទី៧នៃរដ្ឋសភាថា ក្រសួងអប់រំដាក់ចេញកំណែទម្រង់គ្រប់កម្រិត ការបង្កើនគុណភាពគ្រូ សិស្ស សាលា ពង្រឹងការគ្រប់គ្រងបុគ្កលិក ការប្រឡងគ្រប់ប្រភេទ ជាមួយការកំណែនទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍយុវជននូវជំនាញបច្ចេកទេស និងបង្កើតអង្កភាពស្រាវជ្រាវគោលនយោបាយអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដោយសម្តេចបានផ្តល់នូវអនុសាសន៍៤ចំណុចដល់ក្រសួងអប់រំ យុវជន និងកីឡា៖ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ក្រសួងអប់រំបានដាក់ចេញកំណែនទម្រង់គ្រប់កម្រិត ការបង្កើនគុណភាពគ្រូ សិស្ស សាលា ពង្រឹងការគ្រប់គ្រងបុគ្កលិក ការប្រឡងគ្រប់ប្រភេទ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» កំណែនទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍយុវជននូវជំនាញបច្ចេកទេស កំណែនទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អប់រំនិងកីឡា បង្កើតអង្កភាពស្រាវជ្រាវគោលនយោបាយអប់រំ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានចក្ចុវិស័យច្បាស់លាស់ បានដាក់ចេញនូវការកែទម្រង់វិស័យអប់រំនៅគ្រប់កម្រិត ពិសេសគឺការប្រឡង ក្រោមពាក្យស្លោក «អ្នកចេះគឺជាប់» ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕






