ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នា ដែលបានកើតឡើងនៅស្រុកវាលវែង ស្រុកបាកាន និងក្រុងពោធិ៍សាត់។
អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣ ១៨៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ បុរសម្នាក់ឈ្មោះ លីចាន់ សារិះ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលបុកគូថម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ដោយឡែកនៅឯស្រុកបាកានឯណេះវិញ នគរបាលប្រាប់ឲ្យដឹងដែរថា នៅវេលាម៉ោង២ និង៤០នាទី យប់ថ្ងៃទី៣០ ខែធ្នូ ដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩-២១០ ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3824 ធ្វើដំណើរក្នុងទិសដៅពីលិច ទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុ បានជ្រុលបុកគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2432 ដែលកំពុងខូចចតនៅលើចិញ្ចើមផ្លូវថ្នល់ បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ខាងរថយន្តបង្ក រងរបួសធ្ងន់។
ចំណែកមួយករណីទៀង គឺនៅឯស្រុកវាលវែង នគរបាលស្រុកវាលវែង បានឲ្យដឹងដែរថា នៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៣-១២៤ ស្ថិតក្នុង ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បុរសម្នាក់ឈ្មោះ សៅ សុផាន់ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង បានធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ សេ១០០ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BX-9695 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានបុកបង្គោលសញ្ញាសុវត្ថិភាពបាក់១ដើម បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់៕








