ក្រុងប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូបុករថយន្តដឹកទំនិញ ចតតាមផ្លូវលំក្រាលបេតុង កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៤០នាទី ត្រង់ចំណុចខាងត្បូង សាលាសង្កាត់ផ្សារកណ្តាល ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងការហេតុគ្រោះថ្នាក់នេះ ទី០១ ឈ្មោះ យុង រ៉ាយង់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិផ្សារកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ ទី០២ ឈ្មោះ យុង រ៉ានី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិផ្សារកណ្តាល។
សមត្ថកិច្ចផែនសណ្ដាប់ធ្នាប់ក្រុង បានប្រាប់បន្ថែមថា មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាទ្រីមសេ ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2392 បើកពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តធុនធំសឺុមីរ៉ឺម៉ក ម៉ាកហុិយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5435 សឺុមីរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-2227 ដែលឈប់ចតលើទ្រូងផ្លូវ កំពុងដាក់ទំនិញបែរក្បាលទៅត្បូង គ្រោះថ្នាក់តែម្តង។
ក្រោយកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់។ ចំពោះម៉ូតូរងការខូចខាតធ្ងន់ ឯរថយន្តខូចខាតស្រាល។ ក្រោយពីការសាក់សួរ និងធ្វើកំណត់ហេតុ យានយន្តទាំងពីរគ្រឿង បានយកទៅរក្សាទុក នៅអធិការដ្ឋានរងចាំដោះស្រាយតាមផ្លូវច្បាប់។ វណ្ណា












