ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការគ្រប់គ្រង ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ឧទ្យាជាតិ«គីរីរម្យ» នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បង្កប់នូវសក្តានុពលធម្មជាតិជាច្រើន ដែលទេសចរ អាចមកទស្សនា រួមជាមួយខ្យល់អាកាសត្រជាក់ ល្អបរិសុទ្ធ និងមានធនធានធម្មជាតិស្រស់ស្អាត។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ក្រសួងបរិស្ថាននឹងគិតគូររៀបចំជារបៀងទេសចរណ៍លំហែបៃតង ស្របតាមអនុសាសន៍ណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ អត្តសញ្ញាណជាតិ ទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងជួយឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានចំណូលល្អប្រសើរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការសិក្សារៀបចំរបៀងទេសចរណ៍ ក្នុងឧទ្យានជាតិ«គីរីរម្យ» គឺភ្ជាប់ពីតំបន់ទេសចរណ៍ធម្មជាតិ ជាមួយតំបន់ទេសចរណ៍វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត រួមជាមួយទីតាំងទេសភាពនានា នៅក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា កន្លងមកឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» បានទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល ដោយសារ នៅតំបន់នោះ មានដើមស្រល់ជាច្រើន ដុះជាជួរផ្ដល់ជាម្លប់យ៉ាងត្រជាក់ ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំជាមួយនិងរុក្ខជាតិតូចធំពេញព្រៃ មានទឹកជ្រោះធ្លាក់ជាច្រើនអន្លើ និងសត្វព្រៃ ជាច្រើនប្រភេទរស់នៅផងដែរ។
បច្ចុប្បន្នកំពុងមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងលេងកម្សាន្តសប្បាយជាច្រើន ក្នុងនោះរួមមាន៖ រមណីយដ្ឋានជ្រោះភ្នំ, ដំណាក់ចាស់ ដំណាក់ថ្មី, តំបន់ស្រះស្រង់, តំបន់ទឹកធ្លាក់, ជ្រោះអូរតាហ៊ុយ, តំបន់ចំការតែ, ភ្នំថ្មដា, និងតំបន់ល្អាងភ្នំ…។ល។ លើសពីនេះ មានតំបន់រម្មណីយដ្ឋានថ្មីៗ ដែលបានរៀបចំជាមួយធម្មជាតិ គួរជាទីទាក់ទាញដូចជាឧទ្យានបោះតង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ដូចជាតំបន់ភ្នំទេវៈ ដែលមានកែច្នៃឆ្លាក់រូបសិល្បះវប្បធម៌លើថ្មភ្នំដ៏ល្អវិចិត្រ។ល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារ ធម្មជាតិ ព្រោះថាសម្បត្តិវប្បធម៌ធម្មជាតិទាំងអស់នេះ គឺទុកសម្រាប់ជាប្រយោជន៍ ជូនសហគមន៍ឱ្យរកប្រាក់ចំណូលបន្ថែម ដើម្បីធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ។ ខណៈដែលមានការរកចំណូលទាំងនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យប្រជាសហគមន៍គឺកើតចេញពីភាពស្អាត មិនមានការកេងចំណេញ មិនកុហកភូតភរបោកប្រាស់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តឡើយ៕






