រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរដេញដោល តុលាការកំពូល នៅវេលាថ្ងៃត្រង់ ទី២២ ខែសីហានេះ សម្រេចមិនដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិទេ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល នេះបើតាមការបញ្ជាក់របស់លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល និង ជាអ្នកនាំពាក្យផងដែរ ។
វាសនាលោក កឹម សុខា ពេលនេះ គឺ ខុសពីលោក គឹម សុខ, ស្ត្រីសកម្មជនបឹងកក់៤នាក់ និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវតុលាការដោះលែងជាបន្តបន្ទាប់។ លោក កឹម សុខា ដែលបច្ចុប្បន្នជាប់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជិត១ឆ្នាំហើយនោះ ពុំត្រូវបានបញ្ជូនមកចូលរួមសវនាការ នៅតុលាការកំពូលទេ។ ទោះបីយ៉ាងណាមេធាវីលោក កឹម សុខា បានបង្ហាញវត្តមាន ដើម្បីបំពេញនីតិវិធីរបស់តុលាការកំពូល។
ជាមួយការចាប់ផ្ដើមសវនាការនេះ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការជាច្រើនទៀតនោះ ទន្ទឹងរង់ចាំក្រៅរបងតុលាការកំពូល ដើម្បីចង់ដឹងលទ្ធផល តើតុលាការកំពូល ដោះលែងលោក កឹម សុខា ដែរឬទេ? ពេលនេះ លទ្ធផលបានដឹងហើយ គឺ តុលាការកំពូល សម្រេចមិនដោះលែងលោកកឹម សុខា នោះទេ។
មតិខ្លះបានលើកឡើងថា អាចនឹងមានការដោះលែងលោក កឹម សុខា ព្រោះបានមើលឃើញថា បុគ្គលលេចធ្លោមួយចំនួន ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់។ ក្នុងនោះ មានលោក គឹម សុខ អ្នកវិភាគសង្គម ស្ត្រីសកម្មជនដីធ្លីបឹងកក់៤នាក់ និងចុងក្រោយ គឺអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់។ ការសម្រេចទាំងអស់នេះ ត្រូវបានតុលាការអះអាងថា ធ្វើតាមច្បាប់ ពុំមែនស្ថិតក្រោមហេតុផលនយោបាយទេ ទោះបីមជ្ឈដ្ឋានខ្លះមិនយល់ស្របក៏ដោយ។ ដីកាតុលាការកំពូល ដែលទទួលបានបង្ហាញថា សវនាការនេះដឹកនាំដោយលោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពាន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ ដល់៣០ឆ្នាំ៕ ចាន់ធឿន












