ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំប៉ុស្ដ៏សង្កាត់ផ្សារកណ្ដាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ដៃគូរផឹកស៊ី កាលពីវេលាម៉ោង៨ និង១៥នាទី៨យប់ ថ្ងៃច័ន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ២០១៨ នៅចំណុចក្រោយសង្កាត់ផ្សារកណ្ដាល ឋិតក្នុងភូមិ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រំ យ៉េនឡា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល បានធ្វើសកម្មរភាពយកកាំបិតស្នៀត ចាក់ទៅលើជនរងគ្រោះឈ្មោះ កង សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល រងរបួសចំនួនពីរកន្លែង នៅក្រោមក្លៀកជិតឆ្អឹងជំនីមួយកន្លែង និងនៅលើដើមទ្រូងផ្នែកខាងស្តាំមួយកន្លែង។
លោក ប្រិម សុផល នាយប៉ុស្ដ៏ផ្សារកណ្ដាលប្រាប់ថា មូលហេតុជនសង្ស័យ និងជនរងគ្រោះ បានប្រកែកគ្នានិងឈានដល់ការប្រើប្រាស់អំពីហិង្សារនេះ គឺព្រោះតែរឿងជំពាក់ប្រាក់ថ្លៃទិញស្រា និងបារីកន្លងមក ដែលជនរងគ្រោះខ្ចី ហើយមិនព្រមសងទើបឈានដល់ការប្រើហិង្សាតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ចូនដឹកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកដីថ្មី។ ជនសង្ស័យបន្ទាប់ពីកម្លាំងប៉ុស្ដ៏ឃាត់ខ្លួន បានឆ្លើយសារភាពដូចពាក្យចោទខាងលើមែន។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ដ នៅថ្ងៃទី១២ ឆ្នាំ២០១៨ ខាងមុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ម្យ៉ាងជនរងគ្រោះបានសំណូមពរដល់សមត្ថកិច្ច អោយកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ វណ្ណា








