(បាត់ដំបង)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថាពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ បានប្រារព្ធឡើងនៅទឹកដីនៃខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។
សម្ដេចសរសេរទៀតថា ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជាដែល មិនត្រឹមតែរួមចំណែក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។
ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិត ផល ទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ ៕






