
ប៉ោយប៉ែត ៖ សមត្ថកិច្ចចម្រុះថៃបានឃាត់រថយន្តមួយគ្រឿងនិងពលករខ្មែរប្រុសស្រីសរុបចំនួន១៣នាក់ នៅក្នុងស្រុក អារញ្ញប្រាថេត(ថៃ) បន្ទាប់ពីពលករទាំងនេះត្រូវបានមេខ្យល់រៀបចំគម្រោងអោយដេកសំងំនៅលើរថយន្ត ដោយគ្របបិទ បាំងយ៉ាងជិត ដើម្បីបញ្ជូនទៅធ្ងើការនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រតិបត្តិការរបស់ក្រុមតម្រួតថៃនេះ បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយ ផ្លូវពីព្រំដែនកម្ពុជា ទៅកាន់ទីក្រុងបាងកក ត្រង់ចំណុចមុខស្ថានីយ៍ហ្គាស LPG ស្ថិតក្នុងឃុំ ណងសាំង ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ គេសង្គេតឃើញថា មានការឃាត់រថយន្តមួយគ្រឿងម៉ាក តូយ៉ូតាវីហ្គូ ព៌ណប្រផេះ ពាក់ស្លាកលេខ បាងកក ៥៣០០ ខណៈដែលរថយន្តនេះ មានដឹកអ្វីម្យ៉ាងដោយមានគ្របស្បៃ និងតង់យ៉ាងជិតផង ដោយអ្នកបើកបរមានឈ្មោះ អាំងផន សានណារៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៣ ឃុំ បាងណាំខៀវ ស្រុកព្រុំបុរី ខេត្តសិង្ហបុរី ។


នៅក្នុងរថយន្តនោះដែរ ក្រោយពេលបើកតង់ឡើង គេឃើញមានពលករខ្មែរដេកតំរាបគ្នា រដូករណែលដែលសរុបមាន ចំនួន១២នាក់ រួមជាមួយនិងមេខ្យល់ម្នាក់ដែលជាជនជាតិខ្មែរ ដែរត្រូវគេស្គាល់ឈ្មោះ លូន ភេទប្រុស អាយុ៤៥ឆ្នាំ ដោយ ពួកគេទាំងពីរនាក់ មានការឃុបឃិត និងត្រូវរ៉ូវគ្នាក្នុងការដឹកជញ្ជូនពលករខុសច្បាប់អោយចូលទៅបម្រើការងារនៅក្នុង ប្រទេសថៃ។ សមត្ថកិច្ចថៃបានអះអាងថា ជនទាំងពីរនាក់នេះគឺមានទោសទៅតាមកំហុសរៀងៗខ្លួន ដោយអ្នកបើកបរ ខុសលើការជួយបិទបាំង និងដឹកជញ្ជូនពលករអោយគេចផុតពីការ ត្រួតពិនិត្យ និងចាប់ខ្លួន រីឯមេខ្យល់ គឺជាជនជាតិខ្មែរ ដែលហ៊ាននាំពលករជាច្រើននាក់អោយលបឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ដូច្នេះពួកគេត្រូវបាន កំលាំងបញ្ជូនទៅកាន់តុលាការដើម្បីសម្រេច៕


ជុំវិញសមត្ថកិច្ចថៃចាប់ពលរខាងលើនេះលោកលឹម តិចអនុប្រធានការិល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃប្រាប់តាមទូរសព្ទថាលោកមិនទាន់ទទួលព័មានបានឡើយ។ វណ្ណា






