កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កង រាជអាវុធហត្ថរាជថានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិ បត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់ សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមបញ្ជាក់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឧក្រិដ្ឋ ជន ០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល ០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើ ប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕






