មណ្ឌលគិរី ៖ រហូតមកដល់ម៉ោង០៧ព្រឹកថ្ងៃទី១០ឧសភាព ជនរងគ្រោះដែលសង្ស័យថារងការពុលក្នុងភូមិ ចំនួន០២ ក្នុង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានការកើនឡើងរហូតដល់២៨នាក់ហើយ នេះបើយោងតាមការឲ្យដឹង ពីលោកស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា។
សូមជម្រាបថា កាលពីម៉ោង០៩ព្រឹករហូតដល់ម៉ោង១២យប់ថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៨មាន ប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ចំនួន១៩នាក់ មានអាការៈស្រដៀងៗគ្នា ហើយសង្ស័យថា (ពុល)បានធ្វើដំណើរ មកកាន់មន្ទីរពេទ្យឯកជននិងមន្ទីរពេទ្យបង្អែក ស្រុកស្នួល ខេត្ត ក្រចេះ ស្វែងរកការព្យាបាលជាបន្តបន្ទាប់។
អាការៈនៃជនរងគ្រោះដែលសង្ស័យថាបានពុលនោះ មានដូចជាក្អួតចង្អោរ ចុកពោះ ជាដើម។ ករណីនេះ អាជ្ញាធរស្រុក កែវសីមា និងខេត្តមណ្ឌលគិរី ព្រមទាំងមន្ទីរសុខាភិបាល បានចុះដល់ទីតាំងដែលអ្នកជម្ងឺរ កំពុងសង្គ្រោះបន្ទាន់ និងបាននាំ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលតែមួយកន្លែងវិញ។ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បានបែងចែកគ្នាជាបី ក្រុម ធ្វើដំណើរទៅភូមិងាយរងគ្រោះក្នុងទឹកដី ឃុំស្រែឈូកហើយដែរ តែលទ្ធផលយ៉ាងណានៅមិនទាន់ទទួលបាន។
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលបានបញ្ជាក់ថា ក្រោយសាកសួរជនរងគ្រោះ ពួកគាត់ប្រាប់ស្របគ្នាថា មុនកើតហេតុគឺពួក គាត់បរិភោគទឹក។ តែទោះជាយ៉ាងណា គេនៅមិនទាន់អាចសន្និដ្ឋានថា ជាករណី ពុលទឹកនោះទេ។ហើយអ្នកជម្ងឺរទាំង ១៩នាក់ខ្លះបានធូរស្បើយវិលត្រឡប់ទៅផ្ទះវិញផងដែរ។
ព័ត៌មានចុងក្រោយនៅ៧ព្រឹកថ្ងៃទី១០ឧសភានេះ ជនរងគ្រោះបានបន្តកើតឡើងនៅភូមិរណែង ក្នុងឃុំស្រែឈូកដដែល ពោល គឺបានកើតឡើងចំនួន០៨នាក់ទៀត ហើយសមត្ថកិច្ចនិង គ្រូពេទ្យក៏កំពុង បន្តជួយសង្គ្រោះ ជនរងគ្រោះបន្តទៀតផង ដែរសរុបតាំងពីម៉ោង៩ព្រឹកថ្ងៃទី០៩រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី ១០ជនរងគ្រោះសរុបចំនួន២៨នាក់៕







