ប៉ោយប៉ែត ៖ ផ្ទុះក្បាលគ្រាប់៦០ ម.ម ១គ្រាប់បណ្តាលឱ្យស្លាប់បុរស១នាក់នៅកន្លែងកើតហេតុ ចំណែកបុរស ១នាក់ទៀតទទួលរងរបួសធ្ងន់កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខណៈដែលជនរងគ្រោះបានយកក្បាលគ្រាប់ ប្រភេទ៦០ ម.ម ដែលបន្សល់ទុកពីសម័យសង្រ្គាមទៅវាយដោះប្រលូញកន្លឹះរ៉ឺម៉កគោយន្តចេញពីគោយយន្តដើម្បីយកទៅភ្ជួរស្រែ។
នគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំបុស្បូវ ប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ ជាម្ចាស់គោយន្ត ចំណែកអ្នករងរបួសមានឈ្មោះ វ៉ាត សាមេត អាយុ៤៧ឆ្នាំ ជាអ្នកជិតខាង ជនរងគ្រោះរស់នៅភូមិ ឃុំខាងលើ។
បើតាមសមត្ថកិច្ចដដែរ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ម្ចាស់គោយន្តបានដោះរ៉ឺម៉កគោយន្តចេញពីក្បាលគោយន្ត ដើម្បីទៅភ្ជួរស្រែប៉ុន្តែនៅពេល ដោះប្រលូញកន្លឹះរ៉ូម៉កមិនចេញ ជនរងគ្រោះយកម៉ូទ័រឆាបផ្តាច់និងយកក្បាលគ្រាប់៦០ម.ម មិនដឹងជនរងគ្រោះយកពីតំបន់ណាយកមកដំដើម្បីយកប្រលូញកន្លឹះ គោយន្តនោះចេញ ក៏ស្រាប់តែផ្ទុះក្បាលគ្រាប់ បណ្តាលឱ្យម្ចាស់គោយន្យស្លាប់ចំណែកអ្នកជិតខាងទៅឈរមើលទទួលរងរបួសធ្ងន់តែម្ដង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។


នៅកន្លែងកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យឃើញសំណល់ក្បាលគ្រាប់៦០ ម.ម ដែលផ្ទុះនោះ៕ចំណែកជនរងគ្រោះត្រូវសាច់ញាតិដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរបង្អែក ស្រុកមង្គលបូរី។ វណ្ណា













