ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេហើយត្រូវបានប្ដីដឹកមកមណ្ឌលសុខភាពស្រុកបរិបូណ៌ ប៉ុន្តែពេលមក ដល់ត្រូវក្រុមគ្រូពេទ្យប្រាប់ថាកូនក្នុងផ្ទៃកើតមកដោយលំបាកត្រូវញ្ជូនទៅសង្គ្រោះនៅឯ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ហើយត្រូវបានក្រុមគ្រូពេទ្យបង្ខំទារប្រាក់ចំនួន១០ម៉ឺនរៀល ទើបអោយរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ដឹកទៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ហើយបើគ្មានប្រាក់ប៉ុណ្ណឹងទេរកមធ្យោបាយផ្សេងទៅ។ ហេតុការណ៍មិនប្រក្រតីនេះបានកើតនៅវេលាម៉ោង 4 រសៀលថ្ងៃទី 14 ខែឧសភាឆ្នាំ 2018។
បុរសឈ្មោះ ម៉ក់ តាក់ អាយុ ២៦ឆ្នាំ ជាប្តីស្ត្រីឈឺពោះឆ្លងទន្លេបាននិយាយអោយដឹងថា គាត់មានទីលំនៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប្រពន្ឋគាត់ឈ្មោះ ហឹម គិមឈី អាយុ២២ បានឈឺពោះឆ្លងទន្លេ ហើយគាត់បានដឹកទៅសម្រាលកូន នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ។ ប៉ុន្តែពេលមកដល់គ្រូពេទ្យប្រាប់ថាអ្នកជម្ងឺកើតមកខុសប្រក្រតី ត្រូវទៅកើតនៅមន្ទីរពេទ្យបង្អែកខេត្តតែត្រូវបង់សេវា១០ម៉ឺនរៀលទើប អោយរថយន្តដឹកទៅ បើគ្មានទេរកមធ្យោបាយខ្លួនឯងទៅ។ដោយគ្មានជម្រើសគាត់បានជួលម៉ូតូតុុតុ ក្នុងតម្លៃ៤ម៉ឺនរៀល ហើយក៍ដឹកទៅមន្ទីរពេទ្យ ប៉ុន្តែពេលដឹកមកដល់ចំណុចស្ពានសាបអង្កាម ដែលមានចម្ងាយជាង 10 គីឡូម៉ែត្រពីមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ស្រាប់តែឃើញរថយន្តរបស់មន្ទីរពេទ្យស្រុកបរិបូណ៌មកតាមក្រោយ រួចក៏បានដឹកប្រពន្ធខ្ញុំ ទៅមន្ទីរពេទ្យខេត្តដើម្បីសម្រាលកូន។ជាមួយគ្នាដែរស្ត្រីដែលត្រូវសម្រាលកូនបាននិយាយដឹងថាពេលដល់មន្ទីរពេទ្យស្រុកបរិបូណ៌គ្រូពេទ្យប្រាប់ស្បូនទើបបើកបាន 2កាំ ប៉ុណ្ណោះមិនអាចបង្កើតកូនបានទេហើយបើត្រូវដឹកទៅមន្ទីរពេទ្យត្រូវបង់ប្រាក់ចំនួន 10 ម៉ឺនរៀល បើគ្មានទេរកតាក់សុីជីខ្លួនឯងចុះថោកជាងនេះ។


…………ប្តីនិងប្រពន្ថត្រូវឆ្លងទន្លេ………………..
ពាក់ព័ន្ធនឹងបញ្ហានេះលោកឃួន សៅរុំ អភិបាលស្រុកបរិបូណ៌បាននិយាយឱ្យដឹងថា លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានស្ត្រីឆ្លងទន្លេ ទៅសម្រាលកូននៅមណ្ឌលសុខភាពស្រុកបរិបូណ៌តែត្រូវបនក្រុមគ្រូពេទ្យស្រុកបរិបូរណ៍ទារប្រាក់ 10 ម៉ឺនរៀលទើបដឹកស្ត្រីរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់មកលោកក៏បានបញ្ជាឲ្យក្រុមគ្រូពេទ្យ ស្រុកបរិបូណ៌យករថយន្តទៅតាមដឹកស្ត្រីត្រូវឆ្លងទន្លេរូបនោះ ទៅកាន់មន្ទីរពេទ្យខេត្តជាបន្ទាន់។


ពាក់ព័ន្ធនឹងបញ្ហានេះលោកឈុន ប៊ុនថាប្រធានមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌មិនអាចទំនាក់ទំនងបានទេ ជាមួយគ្នានេះលោក សរិន្ទី រ៉ាវុទ្ឍីប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក៏មិនអាចធ្វើការទំនាក់ទំនងបានដែរ ។ប៉ុន្តែទោញយ៉ាងនេះក្តីរឿងនេះជារឿងពិតដែលមិនអាចប្រកែកបានហើយការដែលប្រធានមណ្ឌលសុខភាពស្រុកបរិបូណ៌សុខចិត្តយករថយន្តទៅដឹកជនរងគ្រោះដល់ពាក់កណ្ដាលផ្លូវឲ្យមានការស្ដីបន្ទោសពីអាជ្ញាធរស្រុកបងផងដែរ។សូមបញ្ជាក់ថាស្ត្រីសម្រាលកូនខាងលើបានសម្រាលកូនដោយសុវត្ថិភាពនៅវេលាម៉ោង 9 យប់ថ្ងៃ ដដែលបន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ពៅ សុខហ៊ាន









